នាកំឡុង ១៥០០ ឆ្នាំមុនគ្រឹស្តសករាជ្យ បូរាណវិទូ អេហ្ស៊ីប បានហៅជំងឺនេះថា ការបញ្ចេញចោលទឹកនោមយ៉ាងអស្ចារ្យ ដែលប្រវត្តិសាស្ត្រជឿថា ជាជំងឺទឹកនោមផ្អែម ។ អ្នកវិទ្យាសាស្ត្រ ឥណ្ឌា ក្នុងកំឡុងសត្សវត្ត ទី៥ - ៦ មុនគ្រឹស្តសករាជ្យ បានសង្កេតឃើញថា ស្រមោច បានចោមរោមទឹកនោមរបស់មនុស្សមួយចំនួន (ព្រោះវាមានជាតិផ្អែម)
សត្សវត្តទី២ បូរាណវិទូគ្រិច Aretaeus បានប្រើពាក្យ Diabetes ជាលើកដំបូងមានន័យថា siphon (ព្រោះអ្នកជំងឺបានបញ្ចេញនោមយ៉ាងច្រើន) ។ ពាក្យឡាតាំង Mellitus (ផ្អែមដូចទឹកឃ្មុំ) ត្រូវបានគេបន្ថែមនៅពេលដែលរកឃើញថា ទឹកនោមមានជាតិផ្អែម ។ ដូចនេះហើយទើបមានឈ្មោះ Diabetes Mellitus ។
នៅឆ្នាំ ១៨៨៩ Oskar Minkowski & Joseph von Mering បានកាត់លំពែងរបស់ឆ្កែចេញ ហើយឃើញថាវាមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ នេះជាទំនាក់ទំនងរវាងលំពែង នឹងជំងឺទឹកនោមផ្អែម ។ ជំងឺទឹកនោមផ្អែមដែលជួបញឹកញាប់មានពីរប្រភេទគឺ៖
ប្រភេទ ១ (Type 1) មូលហេតុបណ្តាលមកពី អូតូអ៊ីមមូន (autoimmune) គឺប្រព័ន្ឋការពារ (immune) របស់សរីរាង្គបានវាយប្រហារកោសិកាផលិតអាំងស៊ុយលីននៅក្នុងលំពែង សរីរាង្គបានផលិតអាំងសុយលីនតិចតួច ឬអត់សោះតែម្តង។ អ្នកជំងឺត្រូវការចាក់បញ្ចូលអាំងសុយលីនពេញមួយជីវិត ។ ប្រភេទនេះច្រើនកើតពីក្មេង ឬជំទង់ ក៏អាចមាននៅមនុស្សចាស់ដែរ ។ កត្តាកកើត មកពីតំណពូជ ហ្សេនេទីក តែក៏អាចបណ្តាលពីជំងឺបង្កដោយ វារ៉ុសដែរ ។
រោគសញ្ញាគួរឲ្យកត់សំគាល់មានដូចជា៖ រោគសញ្ញាចេញភ្លាមៗ ស្រេកទឹកខ្លាំង នោមញឹក ចុះគីឡូ ហេវហត់អស់កំលាំង ។
ប្រភេទ ២ (Type 2) មូលហេតុមកពីសរីរាង្គមិនអាចប្រើប្រាស់ អាំងសុយលីនបានត្រឹមត្រូវ (insuline resistance) ឬ លំពែងផលិតអាំងសុយលីនមិនគ្រប់គ្រាន់ ។ កើតភាគច្រើននៅមនុស្សធំ តែបច្ចុប្បន្នកំពុងសង្កេតឃើញនៅមនុស្សវ័យក្មេងដែរ ដែលបណ្តាលមកពីការធាត់ ឬជីវភាពរស់នៅដែលមិនមានប្រើកំលាំងកាយ ។ កត្តាកកើត បណ្តាលពី ការធាត់ មិនសូវមានសកម្មភាពសរីរាង្គ តំណពូជពីគ្រួសារ អ្នកមានអាយុច្រើន
រោគសញ្ញាគួរឲ្យកត់សំគាល់មានដូចជា៖ រោគសញ្ញាមិនចេញភ្លាមៗទេ មនុស្សខ្លះមានជំងឺនេះរាប់ឆ្នាំមិនទាន់បានដឹងផង ។
ហេតុអ្វីអ្នកជំងឺទឹកនោមផ្អែម មានដំបៅជើងពិបាកព្យាបាល?
១) ចរន្តឈាមទៅដល់ជើងតិច
២) ការខូចប្រព័ន្ឋប្រសាទ
៣) ប្រព័ន្ឋការពារសរីរាង្គខ្សោយ
ការណែនាំពីរបបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែម